អត្ថបទដោយ៖ កញ្ញា វន ស្រីមុំ, មន្រ្តីសម្របសម្រួលសហគមន៍
ពិនិត្យ និងកែសម្រួលដោយ៖ លោក ឡោម ស៊ីណាត, មន្រ្តីគម្រោង
ផ្ទៃដីព្រៃលិចទឹកក្នុងភូមិអន្លង់សណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ប្រមាណ ៥៦ ហិតា ត្រូវបានប្រជាពលរដ្ឋ និងអ្នកមានលុយ មានអំណាច ក្នុងភូមិ និងមកពីភូមិជិតខាងជាង ៣០ គ្រួសារ កាប់ និងដុតរានយកដីជាកម្មសិទ្ធិ សម្រាប់ធ្វើស្រែប្រាំង ព្រមទាំងមានបទល្មើសនេសាទ ដោយប្រើឧបករណ៍ឆ្នុករួមផ្សំអំពូលភ្លើង និងលូស្បៃមុងរាប់រយកន្លែង ពាសពេញមាត់បឹងទន្លេសាបនៅក្នុងទឹកដីភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ។
ប្រភពពីគណៈកម្មការសហគមន៍នេសាទ និងតំណាងប្រជាពលរដ្ឋក្នុងឃុំអន្លង់សំណរ បានរៀបរាប់ប្រាប់ថានៅក្នុងឆ្នាំ២០១៥ ធនធានធម្មជាតិ និងជីវៈចម្រុះ ជាពិសេសព្រៃលិចទឹកកំពុងរងការបំផ្លិចបំផ្លាញយ៉ាងអានាធិបតេយ្យ។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះកំពុងកើតមានឡើង និងស្វែងរកការអន្តរាគមន៍ពីគ្រប់អ្នកពាក់ព័ន្ធ ទើបអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធានធានជលផល បានសហការជាមួយប្រធានបណ្តាញប្រជានេសាទខេត្តសៀម និងគណៈកម្មការសហគមន៍នេសាទ ចុះសិក្សាប្រមូលព័ត៌មានទាក់ទង និងការកាប់ព្រៃលិចទឹក និងការប្រព្រឹត្តិបទល្មើសនេសាទខាងលើនេះ កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៥។ ជាលទ្ធផល ក្រុមការងារបានចុះទៅប្រមូលព័ត៌មាននៅកន្លែងកើតហេតុផ្ទាល់ និងសាកសួរព័ត៌មានពីប្រជាពលរដ្ឋ បានប៉ាន់ប្រមាណឃើញថាដីព្រៃលិចទឹកប្រមាណ ៥៦ ហិចតា ក្នុងចំណោមផ្ទៃដីលិចទឹកសរុប ២,២៨៨ ហិចតា ត្រូវរងការកាប់រាន និងដុតបំផ្លាញ ដោយប្រជាពលរដ្ឋប្រមាណ ៣០ គ្រួសារ មកពីភូមិអន្លង់សំណរ និងភូមិពាក់ព័ន្ធ ក្នុងឃុំអន្លង់សំណរ កាលពីខែមេសា ឆ្នាំ២០១៥ យកដីជាកម្មសិទ្ធិ សម្រាប់ធ្វើស្រែប្រាំង។ ការកាប់រានដីព្រៃលិចទឹកនេះកើតមានចំនួន ៥ កន្លែងផ្សេងគ្នា គឺ នៅចំណុចតាពាម បានកាប់រាន និងដុតបំផ្លាញអស់ ៥ ហិតា, ចំណុចពងលលកកាប់រានអស់ ១៥ ហិតា, ចំណុចឆេះក្បាង កាប់រានអស់ ១១ ហិតា, នៅចំណុចខ្សែងអូរសាប ខ្វែងខ្លុង និងតាអ៊ុក កាប់រានអស់ ១៥ហិតា
និងនៅចំណុចបណ្ដោយផ្លូវ ព្រែកផ្លូវទូក ខាងកើតថ្នល់ឆេះកាប់រានអស់ ១០ ហិតា។ មិនតែប៉ុណ្ណោះ បទល្មើសនេសាទក៏កើតមានយ៉ាងអានាធិបតេយ្យ ពិសេស ឆ្នុកប្រើអំពូលរួមផ្សំ និងលូស្បៃមុង នៅខាងលិច និងខាងជើង ភូមិស្ទឹងជ្រៅប្រមាណជា ១,៥០០ ម៉ែត្រមានរាប់រយកន្លែង ដោយមិនឃើញមានការអន្តរាគមន៍ទប់ស្កាត់ពីជំនាញជលផល និងអាជ្ញាឃុំ ស្រុកឡើយ។
តាមសម្តីគណៈកម្មការសហគមន៍នេសាទម្នាក់រស់នៅក្នុងឃុំអន្លង់សំណរ (សូមមិនបញ្ចេញឈ្មោះ) ឲ្យដឹងថា «ការកាប់រាននេះ សង្កាត់ជលផលបានចាប់ធ្វើកិច្ចសន្យាជាលើកទីមួយ ដើម្បីបញ្ឈប់ការកាប់រានបន្ត ក្រោយពីបានធ្វើកិច្ចសន្យាហើយទឹកបានឡើងលិចវាលនោះអស់ទៅ តែសហគមន៍យើងខ្ញុំ កំពុងចាំឃ្លាំមើលនៅពេលទឹកស្រកមកវិញថាតើ ជនល្មើសមានសកម្មភាពបន្តទៀតឫអត់»។ ជាមួយគ្នានេះដែរ លោកបានបន្ថែមទៀតថា «ដោយឡែក នៅភូមិស្ទឹងជ្រៅកំពុងកើតមាន បទល្មើសនេសាទជាច្រើន ដូចជា ឆ្នុកអំពូល និងលូស្បៃមុង ដោយខ្ញុំឃើញមានអ្នកការសែតមួយចំនួន និងមន្រ្តីអង្គការដែលបានអះអាងថាធ្វើការលើការងារអភិរក្សសត្វព្រៃ និងព្រៃលិចទឹក បានចុះមកយកលុយពីអ្នកនេសាទជាញឹកញាប់ តែពួកខ្ញុំមិនចាំឈ្មោះស្ថាប័នទាំងនោះទេ ព្រោះម្តងអ្នកនេះម្តងអ្នកនោះ គ្រាន់តែប្រាប់ថាមកពីថ្នាក់ខេត្ត បានមកយកលុយពីអ្នកនេសាទស្ទើរគ្រប់ទីកន្លែង។ ការយកលុយនេះ គឺចាប់ពី ១០,០០០ រៀល ឡើងទៅរហូតដល់ ១០០,០០០ ទៅ ២០០,០០០ រៀល ក្នុងអ្នកនេសាទ មួយទូក ឫមួយកន្លែង ហើយបទល្មើសទាំងអស់នេះមិនទាន់ឃើញមានចំណាត់ការ និងទប់ស្កាត់ពីអាជ្ញាធរ និងជំនាញនៅឡើយទេ ខ្ញុំពិតជាព្រួយបារម្ភចំពោះការបាត់បង់ធន់ធានទាំងអស់នេះខ្លាំងណាស់»។
តាមសេចក្តីរាយការណ៍ពីតំណាងប្រជាពលរដ្ឋ និងការចុះសិក្សាស្រាវជ្រាវ នៅក្នុងឃុំអន្លង់សំណរផ្ទាល់ទាំងការកាប់រានដុតបំផ្លាញព្រៃលិចទឹក និងបទល្មើសនេសាទ នៅតែបន្តកើតមានជារៀងរាល់ឆ្នាំ ដោយគ្មានការអន្តរាគមន៍ ឬចំណាត់ការការដោះស្រាយ ពីអាជ្ញាធរភូមិ ឃុំ និងជំនាញអោយបានទាន់ ពេលវេលានោះទេ។ ហេតុផលទាំងនេះហើយដែលធ្វើអោយប្រជាពរដ្ឋស្លូតត្រង់ និងប្រជានេសាទជាលក្ខណៈគ្រួសារ ដែលគ្មានអំណាច គ្មានលុយ បាត់បង់ជំនឿជាក់ទៅលើចំណាត់ការរបស់អាជ្ញាធរ និងជំនាញទាំងអស់នោះ។ មិនតែប៉ុណ្ណោះធ្វើអោយអ្នកប្រព្រឹត្តបទល្មើសមើលស្រាលទៅលើប្រព័ន្ធច្បាប់ ដោយអំណាចទឹកប្រាក់ធ្វើអោយមានផលប៉ៈពាល់យ៉ាងខ្លាំងទៅលើធនធានជលផល និងធនធានធម្មជាតិ យ៉ាងច្រើននៅក្នុងសហគមន៍ ក្នុងឃុំអន្លង់សំណរនេះផ្ទាល់។ អាស្រ័យហេតុនេះទើប គណៈកម្មការ និងតំណាងប្រជាពលរដ្ឋក្នុងឃុំស្នើសុំដល់មន្រ្តីជំនាញថ្នាក់លើ និងអ្នកពាក់ព័ន្ធទាំងអស់ មានយន្តការ ឬចាត់វិធានការដោះស្រាយ អោយបានលឿនតាមដែលអាចធ្វើបាន ក្នុងការឆ្លើយតបទៅនឹងកំណែរទម្រង់ស៊ីជម្រៅលើវស័យជលផលរបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រូវការរបស់ប្រជានេសាទ ដើម្បីធានាបាននូវនិរន្តរភាពធនធានជលផល និងធនធានធម្មជាតិនៅក្នុងសហគមន៍។
បទល្មើសនេសាទ ការដាក់ឆ្នុកប្រើអំពូល និងលូស្បៃមុង នៅក្នុងភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ
Leave a Reply