ZT Maju - шаблон joomla Продвижение

ធនធានធម្មជាតិ និងជីវៈចម្រុះនៅឃុំដានរុន កំពុងរងការបំផ្លិចបំផ្លាញយ៉ាងអានាធិបតេយ្យ

អត្ថបទដោយ៖ កញ្ញា វន ស្រីមុំ, មន្រ្តីសម្របសម្រួលសហគមន៍

ពិនិត្យ និងកែសម្រួលដោយ៖ លោក ឡោម ស៊ីណាត, មន្រ្តីគម្រោង

ព្រៃលិចទឹកប្រមាណ ៨៥០ ហិចតា ក្នុងចំណោមផ្ទៃដីប្រមាណ ២,៣០០ហិចតា នៅក្នុងឃុំដានរុន  ស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងរងការបំផ្លាញយ៉ាងអានាធិបតេយ្យ ពីប្រជាពលរដ្ឋក្នុងឃុំ និងមកពីឃុំជិតខាងគឺ  ឃុំកំពង់ឃ្លាំង ប្រមាណ ១០០ គ្រួសារ បានកាប់រានឈូសឆាយយកដីធ្វើស្រែប្រាំង និងធ្វើចំការសណ្ដែក ជាពិសេសយកធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួន និងបង្កអោយមានភ្លើងឆេះព្រៃថែមទៀត។ មិនតែប៉ុណ្ណោះ បទល្មើសនេសាទ ក៏កើតមានយ៉ាងអានាធិបតេយ្យផងដែរ នៅក្នុងឃុំនេះ។ 

បន្ទាប់ពីទទួលបានព័ត៌មានបឋមពីតំណាងសហគមន៍រស់នៅឃុំដានរុនរួចមក លើបញ្ហាកាប់រានព្រៃលិចទឹក និងភ្លើងឆេះព្រៃ ទើបនៅថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងាររបស់អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) សហការជាមួយនឹងប្រធានបណ្តាញប្រជានេសាទប្រចាំខេត្តសៀមរាប

និងគណៈកម្មការសហគមន៍នេសាទ សរុបចំនួន ៤ នាក់ បានធ្វើការចុះសិក្សាស្រាវជ្រាវប្រមូលព័ត៌មានលើករណីកាប់ព្រៃលិចទឹកក្នុងឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីអោយបានដឹងពីមូលហេតុជាក់លាក់លើទំហំ ទីតាំង និងអ្នកពាក់ព័ន្ធ។

ជាក់ស្តែងក្រុមការងារ បានជួបប្រទះនិងប្រមូលបានព័ត៌មាននៃការកាប់រានដីព្រៃលិចទឹកសរុបប្រមាណ ៨៥០ ហិចតា ដែលបណ្តាលមកពីភ្លើងឆេះព្រៃ និងការកាប់រានរបស់ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារ ដែលរស់នៅក្នុងឃុំ និងឃុំជិតខាង ដើម្បីយកដីធើ្វកម្មសិទ្ធ សម្រាប់ធ្វើស្រែប្រាំង និងចំការសណ្តែក។ មិនតែប៉ណ្ណោះក្នុងប្លង់ដីដែលកាប់រានឈូសឆាយរួចហើយនោះ ពួកគាត់បានជីកស្រះបន្ថែមប្រមាណជាង៣០០ ស្រះ ដែលមានទំហំបណ្តាយប្រហែល ៣០ម៉ែត្រ ទទឹង ២០ ម៉ែត្រ និងជម្រៅ ៣ទៅ៥ ម៉ែត្រ  ដោយក្នុងមួយប្លង់ៗប្រជាពលរដ្ឋ ត្រូវបង់លុយចាប់ពី $៥០០.០០ ទៅ $៧០០.០០   តាមក្បាលដីតូចឬធំ អោយទៅអាជ្ញាធរឃុំ ស្រុក និងជំនាញជលផល ដើម្បីឃុបឃិតគ្នាលាក់បាំងព័ត៌មាននេះ។ ដោយឡែកបញ្ហាបទល្មើសនេសាទ ដោយប្រើឧបករណ៍បណរ៉ាវធំៗ វែងៗ  ក្រឡាញឹកមានពាសពេញផ្ទៃទឹក ចាប់ពីចំណុចកោះច្រកែង រហូតដល់ឃុំកំពង់ឃ្លាំង  បានដាក់បន្តបន្ទាប់គ្នា មានចំងាយ ៥ គីឡូម៉ែត ប្រមាណជា ៦០០ ទៅ ៧០០ កន្លែង។

បទល្មើសនេសាទ ដាក់លូស្បៃមុង និងក្បាលដីដែលជីកស្រះ ក្នុងឃុំដានរុន

 

ការដាក់ឧបករណ៍នេសាទខុសច្បាប់ទាំងអស់នេះទៅបាន  គឺប្រជាពលរដ្ឋបានបង់លុយឲ្យទៅអាជ្ញាធរឃុំ ស្រុក និងសង្កាត់ជលផល  ដោយក្នុងមួយកន្លែងត្រូវបង់លុយចាប់ពី ១០០,០០០ ទៅ ២០០,០០០ រៀល ដែលករណីនេះគឺបានកើតឡើងតាំងពីខែឧសភា ឆ្នាំ២០១៥ រហូតមកទល់ពេលនេះ។ តាមប្រសាសន៍របស់តំណាងគណៈកម្មការសហគមន៍នេសាទរស់នៅឃុំដានរុន (សូមមិនបញ្ចេញឈ្មោះ) បានរៀបរាប់ប្រាប់ថា «ខ្ញុំបានឃើញប្រជាពលរដ្ឋជាង១០០គ្រួសារ ក្នុងឃុំដានរុន និងមកពីឃុំកំពង់ឃ្លាំង បាននាំគ្នាកាប់ទន្ទ្រានយកដីព្រៃលិចទឹកនៅចំណុចអន្លង់ត្រដក់ និងកោះច្រកែងអស់ប្រមាណ ២៤០ ហិចតា យកដីធ្វើស្រែប្រាំង និងដាំសណ្តែក ព្រមទាំងជីកស្រះបន្ថែមទៀត ប្រមាណជា៣០០ ស្រះធំៗ និងបង់លុយអោយអាជ្ញាធរភូមិ ឃុំ ស្រុក និងសង្កាត់ជលផល ពី $៥០០ ទៅ $៧០០.០០   ក្នុង១ប្លង់ តាមក្បាលដីដែលបានកាប់រាន តូចឫធំ ដើម្បីជាផ្នូរ និងការលាក់បាំងបញ្ហានេះ» លោកបានបន្តទៀតថា «កាលពីដើមខែឧសភានេះ ខ្ញុំឃើញមានភ្លើងឆេះរាលព្រៃលិចទឹកអស់ជាច្រើនហិចតា បើតាមការប៉ាន់ប្រមាញរបស់ខ្ញុំគឺប្រហែលជា៦០០ ហិចតា ដែលបង្ករមកពីដុតរានយកដីព្រៃលិចទឹក និងចាប់សត្វព្រៃ»  បន្ទាប់មកទៀតលោក បានមានប្រសាសន៍បន្ថែមទៀតថា «មិនត្រឹមតែកាប់ព្រៃ និងភ្លើងឆេះព្រៃនោះទេ ខ្ញុំក៏ឃើញមានការឃុបឃិតប្រព្រឹត្តិបទល្មើសនេសាទពីប្រជាពលរដ្ឋ និងអ្នកមានលុយ បានដាក់បរ រាប់រយកន្លែងទៀតផង ដោយមានការការពារពីជំនាញជលផល និងអាជ្ញាធរភូមិឃុំស្រុក ព្រោះពួកគាត់បានទទួលលុយពីអ្នកដាក់បរពី១០០,០០០ ទៅ ២០០,០០០ រៀល ក្នុងមួយកន្លែង» ក្នុងនោះក្រុមការងារក៏បានចុះទៅសិក្សាផ្ទាល់លើទីតាំងដែលរងការកាប់ឈូសឆាយព្រៃលិចទឹក និងភ្លើងឆេះព្រៃក្នុងឆ្នាំ២០១៥ នេះ ចំនួន ៣ចំណុចរួមមាន៖ នៅចំណុចអន្លង់ត្រដក់ ទៅដល់ចំណុចព្រៃកោះកុង ប៉ែកខាងកើតកន្ទូ រងការកាប់បំផ្លាញអស់ប្រមាណ ២៣០ ហិតា, ចំណុចកោះតាឌុជ ព្រៃលិចទឹកត្រូវបានភ្លើងឆេះរាលអស់ប្រមាណជា៦១០ ហិតា និងនៅកោះច្រកែង រងការកាប់ទន្ទ្រានអស់ប្រមាណជា ១០ ហិតា  ដែលសរុបព្រៃលិចទឹកដែលរងការបាត់បង់អស់ចំនួនចំនួន ៨៥០ ហិតា។

ចំណុចអន្លង់ត្រដក់ ក្រោយពីការកាប់ដុតរានព្រៃលិចទឹកអស់ មានការជីក ស្រះ ឬបៀរ នៅតាមក្បាលដីនីមួយៗ និងផែនទីភូមិសាស្រ្ត

 

ជាសន្និដ្ឋានរួម បញ្ហាទាំងអស់នេះខាងលើនេះ វាបង្ករឲ្យមានផលប៉ះពាល់ជាច្រើនដូចជា បាត់បង់ជីវៈចម្រុះ ជម្រកត្រីនិងសត្វ ពូជត្រី និងទិន្នផលនេសាទថយចុះ ដែលនឹងមានផលប៉ះពាល់ដល់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជានេសាទដូចជា បាត់បង់ប្រាក់ចំណូល មានការចំណាកស្រុក អំពើហឹង្សាក្នុងគ្រួសារ និងជម្លោះរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ឬប្រជាពលរដ្ឋជាមួយនឹងអ្នកមានលុយមានអំណាច និងធ្វើអោយប្រជាពលរដ្ឋបាត់បង់ជំនឿជឿជាក់ក្នុងការដោះស្រាយរបស់អាជ្ញាធរ និងជំនាញជលផល។ បញ្ហាទាំអស់នេះ បើពុំមានការអន្តរាគមន៍ដោះស្រាយនោះទេ វាបន្តធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងជីវភាព របស់ប្រជានេសាទពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុនេះហើយទើបតម្រូវឲ្យមានយន្តការ ឬដំណោះស្រាយជាក់លាក់ណាមួយឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ បើពុំដូច្នោះទេវាមិនឆ្លើយតបទៅនឹងយុទ្ធសាស្រ្តកែរទម្រង់ស៊ីជម្រៅលើវិស័យជលផលរបស់រាជរដ្ឋាភិបាល និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជានេសាទបានឡើយ។