ZT Maju - шаблон joomla Продвижение

សមត្ថភាព ធនធាន និងការរួមគ្នាជាសម្ព័ន្ធ ធ្វើអោយអង្គការមហាជនដ្ឋាន មានដំណើរការល្អ និងនិរន្តរភាព

រៀបចំដោយ៖ វន ស្រីមុំ (មន្រ្តីសម្របសម្រួលសហគមន៍)

ពិនិត្យនិងកែសម្រួលដោយ៖ ឡោម ស៊ីណាត (មន្រ្តីគម្រោង)

សម្ព័ន្ធអង្គការមហាជនមូលដ្ឋានឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានលទ្ធភាព និងមានភាពរឹងម៉ាំ ដែលអាចដំណើរការបានដោយខ្លួនឯង ឆ្ពោះទៅរកនិរន្តរភាព តាមរយៈការធ្វើការរួមគ្នា និងចងជាសម្ព័ន្ធអង្គការមហាជន។ សម្ព័ន្ធអង្គការមហាជនកំពង់ត្រឡាច ជាអង្គការមហាជនមូលដ្ឋានដែលមានសមត្ថភាព ធនធាន ដោយការច្នៃប្រឌិត និងមានកាផ្តូចផ្តើមគំនិតឲ្យមានប្រភពចំណូលផ្សេងៗ ដូចជា ការជម្រុញការអនុវត្តគោលការណ៍បដិភាគ ការរៀបចំឲ្យមានជាក្រុមសន្សំ ការរៀបចំឲ្យមានក្រុមជំនួញខ្នាតតូច និងគម្រោងរៀបចំឲ្យមានជាធនាគារភូមិ សម្រាប់ផ្គត់ផ្គង់ទៅលើការអភិវឌ្ឍន៍អង្គការមហាជន តំបន់អភិរក្សសហគមន៍ និងអភិវឌ្ឍន៍កម្រិតជីវភាពរបស់គ្រួសារដែលជាសមាជិក និងចូលរួមការអភិវឌ្ឍនានានៅក្នុងឃុំ ទាំងហេដ្ឋារចនាសម្ព័នរូបវ័ន្ត និងអរូបវ័ន្ត ក្រោមការសម្របសម្រួលដឹកនាំ ចាត់ចែង គ្រប់គ្រងពីគណៈកម្មការ ប្រកបដោយតម្លាភាព គណនេយ្យភាព ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិក និងមានការសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។

អ្នកស្រី ហុង ស្រីម៉ៅ ប្រធានសម្ពន្ឋ័អង្គការមហាជនមូលដ្ឋានឃុំកំពង់ត្រឡាច បានរៀបរាប់អោយដឹងថា «ការចងជាបណ្តាញសម្ពន្ឋ័នេះមានភាពងាយស្រួលខ្លាំង ចំពោះដំណើរការសហការគ្នាក្នុងការអនុវត្តសកម្មភាពផ្សេងៗ ជាក់ស្តែងដូចជា ការតស៊ូមតិរួមគ្នាក្នុងការទាមទារ និងគ្រប់គ្រងថែរក្សាការពារតំបន់អភិរក្ស ដែលពីមុនមកធ្លាប់មានបញ្ហាជាមួយអាជ្ញាធរ អ្នកមានអំណាច និងកិច្ចអន្តរាគមន៍យឺតយ៉ាវរបស់អាជ្ញាធរ ក៏បណ្តាញសម្ពន្ឋ័ យើងខ្ញុំសហការគ្នាដោះស្រាយបានដែរ មិនថាតែការចូលរួមក្នុងការងារអភិវឌ្ឍន៏ក្នុងសហគមន៍ ការងារអភិរក្ស ចុះល្បាត ត្រួតពិនិត្យបទល្មើសជុំវិញតំបន់អភិរក្សមានភាពងាយស្រួល ហើយការសហការគ្នាបានល្អនេះគឺដោយសារ ការផ្តល់ពត៌មាន ទាក់ទងគ្នាបានល្អ និងឆាប់រហ័សក្នុងការជួយគ្នា»។
 

ដោយឡែក អ្នកស្រី ប៊ិច យ៉ុកលីម អនុប្រធានគណៈកម្មការសម្ព័ន្ធអង្គការមហាជនឃុំកំពង់ត្រឡាច និងជាប្រធានអង្គការមហាជនភូមិព្រែកគន្លងបានមានប្រសាសន៍ថា«អង្គការមហាជនមូលដ្ឋានតាមភូមិក្នុងឃុំកំពង់ត្រឡាចទាំងអស់មាន៥ភូមិ និងកន្លងមកមិនទាន់បានចងជាបណ្តាញនោះទេ ហើយក៏មិនសូវសកម្មនិងទាក់ទងគ្នាបានជិតស្និទ្ឋនៅឡើយ ចំណែកការងារភាគច្រើនមិនសូវបានគិតពីលទ្ឋផលរួមទេ គឺមានភាពប្រទាញគ្នាយ៉ាងខ្លាំងក្នុង  ការធ្វើសកម្មភាព ហើយការតវ៉ាទាមទារសិទ្ឋិ និងការដោះស្រាយបញ្ហាដែលកើតមានក្នុងមូលដ្ឋានមិនសូវបានលទ្ឋផលប៉ុន្មានទេ ជាក់ស្តែងដូចនៅក្នុងភូមិខ្ញុំផ្ទាល់ គឺតំបន់អភិរក្សពីមុនត្រូវបានគ្រប់គ្រងដោយអាជ្ញាធរមួយចំនួន ដែលបានកេងចំណេញប្រយោជន៍ពីកន្លែងអភិរក្សដោយខ្លួនឯងផ្ទាល់ ទោះបីមានការទាមទារតវ៉ាជាច្រើនលើកច្រើនសារនៅតែមិនមានប្រសិទ្ឋភាពនោះទេ តែដោយបានការសម្របសម្រួលពីអង្គការហ្វេក ក៏បានចងក្រងជាសម្ពន្ឋ័បណ្តាញទាំង៥ភូមិនិងសហគមន៍នេសាទអោយមានការទាក់ទងគ្នាជាប្រចាំ ទាំងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការផ្តល់ពត៏មានត្រឡប់ ទើបធ្វើឲ្យការទាមទារតវ៉ាសុំសិទ្ឋគ្រប់គ្រងថែរក្សាការពារតំបន់អភិរក្សនោះទទួលបានជោគជ័យ»

ទាំងអស់នេះហើយជាសារៈប្រយោជន៍នៃការចងក្រងជាបណ្តាញសម្ពន្ឋ័និងចងភ្ជាប់ការងាររវាងCBOs មួយទៅ CBOs មួយទៀត អោយចេះជួយគ្នាក្នុងក្រុមបណ្តាញទាំងសហគមន៍នេសាទ ក្រុមយុវជន ចូលរួមដោះស្រាយទំនាស់រួមគ្នាក្នុងមូលដ្ឋានបានលទ្ឋផលច្រើនជាងពេលមុនៗ បង្ករឲ្យមានភាពងាយស្រួលក្នុងការសហការគ្នា និងមានភាពរឹងមាំក្នុងការធ្វើការងារ។ ម្យ៉ាងវិញទៀតការសហការមានទំនាក់ទំនងល្អនេះហើយ ទើបធ្វើអោយការគ្រប់គ្រងក៏ដូចជាការដោះស្រាយបញ្ហាដែលកើតមានមិនថាតែនៅក្នុងសហគមន៍ ឬក៏តំបន់អភិរក្សនោះទេ គឺយើងអាចធ្វើការរួមគ្នាដោះស្រាយបានយ៉ាងល្អ និងមានភាពរឹងមាំនៅក្នុងអង្គការមហាជនមូលដ្ឋាន ក៏ដូចជាសម្ពន្ឋ័ទាំងមូលផងដែរ។ ទាំងនេះគឺដោយសារបានការគាំទ្រ និងសម្របសម្រួលពីបណ្តាញ បុគ្គលិកអង្គការFACT ក៏ដូចជាម្ចាស់ជំនួយForum Syd ផងដែរ ដែលបានផ្តល់ទាំងចំណេះដឹង បទពិសោធន៍ល្អៗ ក្នុងការពង្រឹងសមត្ថភាពដល់គណៈកម្មការ និងសមាជិកអោយមានសមត្ថភាពក្នុងការគ្រប់គ្រង និងចេះសម្របសម្រួលក្នុងការធ្វើការងារជាក្រុម រួមទាំងអាចដោះស្រាយបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានបាន ។

ជាមួយគ្នានេះដែរអ្នកស្រី កែវ ស្រីឡូត សមាជិកគណៈកម្មការសម្ព័ន្ធអង្គការមហាជនឃុំកំពង់ត្រឡាច និងជាប្រធានអង្គការមហាជនភូមិកំពង់ត្រឡាចលើ មានប្រសាសន៍ថា «ក្រោមការសម្របរបស់យើងខ្ញុំ ដែលជាគណៈកម្មការ និងមានការសហការល្អជាមួយសហគមន៍នេសាទ និងការគាំទ្រយ៉ាងពេញទំហឹងពីសមាជិក រហូតមកដល់ឆ្នាំ២០១៥នេះ សម្ព័ន្ធអង្គការមហាជន របស់យើងខ្ញុំមានថវិកាសរុបចំនួន ២៥៦,៥៩៨,០០០ រៀល ។ ជាក់ស្តែងក្នុងឆ្នាំនេះ គណៈកម្មការខ្ញុំបាន រកចំណូលថវិកាពីប្រភពផ្សេងៗទៅចូលរួមអនុវត្តសកម្មភាព អភិរក្ស និងអភវឌ្ឍន៍ធនធានជលផល បរិស្ថាន និងជួយជ្រោមជ្រែងទៅលើការកែរប្រែជីវភាពរបស់សមាជិកមួយចំនួន និងឧបត្ថម្ភដល់គណៈកម្មការដូចជា បានមកពីការចូលរួមបដិភាពរបស់សមាជិកក្នុងមួយនាក់៥០០រៀលក្នុងមួយខែ សរុបបានចំនួន ៦០៦,០០០រៀល បានពីការបង់ការប្រាក់សន្សំរបស់សមាជិកចំនួន ១,៥០០,០០០រៀល បានពីការបង់បដិភាគពីការចូលស្ទូចត្រីកំសាន្តលក្ខណៈទេសចរជុំវិញបឹងអភិរក្សចំនួន ៤០០,០០០រៀល និង បានពីប្រាក់ចំណេញពីការធ្វើជំនួញខ្នាតតូចជាក្រុម(លក់ជី និងគ្រាប់ពូជ)ចំនួន ៤,២០០,០០០រៀល ហើយយើងបានចំណាយទៅវិញដូចជា ចូលរួមស្តារបឹងអភិរក្ស២កន្លែង អស់ ១០,០០០,០០០រៀល ចូលរួមគំាទ្រសកម្មភាពចុះល្បាតការពារតំបន់អភិរក្សបឹងភក់ ៥៦០,០០០រៀល ចូលរួមបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទនៅភូមិព្រែកគន្លង ២០០,០០០រៀល ចូលរួមប្រជុំប្រចំាខែជាមួយក្រុមប្រឹក្សាឃុំ ១២០,០០០រៀល និងជួយដល់គ្រួសារក្រីក្រ និងស្រ្តីសំរាលកូន១០គ្រួសារ អស់ថវិកា៥០០,០០០រៀល»

អ្នកស្រី បានបន្ថែមទៀតថា «ក្នុងនាមអ្នកស្រីជាតំណាងគណៈកម្មការ សមាជិក អង្គការមហាជនមូលដ្ឋាន និងប្រជាពលរដ្ឋឃុំកំពង់ត្រឡាច សូមថ្លែងអំណគុណដល់អង្គការFACT និងអង្គការ  Forum Syd ដែលបានជួយគំាទ្រថវិកា ចំណេះដឹង និងបច្ចេកទេសដល់យើងខ្ញុំទំាងអស់គ្នា ជាកត្តាធ្វើឲ្យយើងខ្ញុំមានសមត្ថភាព និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការចូលរួមការពារ អភិរក្ស និងប្រើប្រាសើធនធានជលប្រកបដោយនិរន្តរភាព និងជីវភាពប្រសើរឡើង។ ជាគ្នាមួយនេះដែរ នាងខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ដែលជានិច្ចជាកាលបានចូលរួមសហការ និងគាំទ្រយ៉ាងសកម្ម»។

គួរបញ្ជាក់ផងដែរថានៅក្នុងកំឡុងឆ្នំា២០០៨-២០០៩ ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ត្រឡាច ភាគច្រើនមិនសូវបានគិតគូពីសារៈប្រយោជន៍របស់ធនធានធម្មជាតិ ឬធនធានជលផលដែលកំពុងរងការបាត់បង់ជាបណ្តើរៗ ពួកគាត់បាននាំគ្នានេសាទត្រីដោយអនាធិបតេយ្យ ពោលគឺបានប្រព្រឹត្តិនូវបទល្មើសនេសាទ ដូចជាការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងកាប់បំផ្លាញព្រៃលិចទឹកជាដើម។ តែក្រោយពីវត្តមានអង្គការFACTនៅក្នុងឆ្នំា២០១០ ពិសេសក្នុងឆ្នាំ២០១៣ ដែលមានការគាំទ្រថិវកាពីForum Syd MaC បានចុះធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាល សម្របសម្រួល ពង្រឹងតំបន់អភិរក្ស លើកកម្ពស់សកម្មភាពអភិបាលកិច្ចល្អ និងការគៀងគរឲ្យមានការចូលរួមពីស្រ្តី និងយុវជន ឃើញថាប្រជាពរដ្ឋបានមានការយល់ដឹងច្រើន ទាក់ទងទៅនិងការចូលរួមគ្រប់គ្រងការពារថែរក្សាធនធានធម្មជាតិ

     សកម្មភាពផ្តល់វគ្គបណ្តុះបណ្តាល នឹងចូលរួមប្រជុំលើកផែនការបញ្ចូលក្នុងផែនការវិនិយោគឃុំរបស់គណៈកម្មការនិងសមាជិក

 យល់ដឹងអំពីសិទ្ធិ  និងពីសារៈប្រយោជន៍នៃការចូលរួមជាសមាជិកអង្គការមហាជនមូលដ្ឋាន ព្រមទាំងចូលរួមបគំាទ្របដិភាគសំរាប់អភិវឌ្ឍន៍នៅក្នុងសហគមន៍។ ក្រោយពីបានរៀបចំបង្កើតអង្គការមហាជនមូលដ្ឋាន និងការគាំទ្រពីដៃគូផ្តល់ជំនួយForum Syd តាមរយៈអង្គការFACT យើងកត់សំគាល់ឃើញថាសម្ព័ន្ធអង្គការមហាជនមួយនេះ បានចូលរួមក្នុងការអភិវឌ្ឍក្នុងឃុំជាច្រើន។ មិនតែប៉ុណ្ណោះសមត្ថភាពរបស់គណៈកម្មការមានការកើនឡើងនូវចំណេះដឹង ដូចជា ការដឹកនាំ ការគ្រប់គ្រង ការកត់ត្រាបញ្ជីស្នាម ការអប់រំផ្សេព្វផ្សាយពីច្បាប់ជលផលនិងបរិស្ថាន សិទ្ធិ យេនឌ័រ ការប្រែប្រួលអាកាសធាតុនិងការបន្សាំខ្លួន។ ដោយឡែកអាជ្ញាធរឃុំស្រុក បានសហការ និងគាំទ្រលើសកម្មភាពរបស់អង្គការមហាជន និងបានផ្តល់ឱកាសឲ្យចូលរួមកសាងផែនការអភិវឌ្ឍន៍ឃុំនិងផែនការវិនិយោគឃុំ និងការដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងឃុំ។ ជាលទ្ធផលអង្គការមហាជនក្នុងឃុំកំពង់ត្រឡាចនេះ បានចងគ្នាជាសម្ព័ន្ធ ដែលមានអង្គការមហាជនចំនួន ៥ រួមបញ្ចូលគ្នាតែមួយ មានសមាជិកសរុប ៣០៦ នាក់ ស្រី ២០៥ នាក់។ ក្នុងឆ្នាំ២០១៥នេះ សម្ព័ន្ធ បានពង្រីសមាជិកបន្ថែមបានចំនួន ១៤ នាក់ ស្រី ៥ នាក់ និងចងក្រងក្រុមសន្សំប្រាក់ ២ក្រុម ដែលមានថវិកាសន្សំសរុប ២៥១,៥៩៨,០០០ រៀល។ សម្ព័ន្ធអង្គការមហាជនបានធ្វើការរួមគ្នា និងបានធ្វើការតស៊ូមតិបញ្ឈប់ការកាប់រានព្រៃលិចទឹកបានចំនួន៤ហិតា ពីឈ្មួញឯកជន ដើម្បីទុកព្រៃអភិរក្សក្នុងសហគមន៍ និងការទប់ស្កាត់ការរំលោភដែននេសាទពីឈ្មួញឯកជន។ ក្នុងនោះសមាជិកអង្គការមហាជនចំនួន ៩៦ គ្រួសារ ឈប់ជំពាក់បំណុលឈ្មួញឯកជន ហើយសមាជិកចំនួន ២០ គ្រួសារ មានលទ្ធភាពបន្ស៊ាំខ្លួន ក្នុងការ បង្កើតមុខរបរថ្មី ដើម្បីកាត់បន្ថយ នឹងពឹងផ្អែកលើមុខរបរនេសាទតែមួយមុខ ដែលមុខរបរនោះមានដូចជាៈ ការលក់ដូរអីវ៉ាន់ចាប់ហួយ ចិញ្ចឹមសត្វ និងដាំដំណាំ តាមរដូវកាលជាដើម មិនតែប៉ុណ្ណោះសមត្ថភាពរបស់ស្រ្តីត្រូវបានគេទទួលស្គាល់ជាក់ស្តែង ស្រ្តី២៥នាក់ បានក្លាយទៅជាគណៈកម្មការអង្គការមហាជន ហើយការងាររបស់ក្រុមប្រឹក្សាឃុំប្រមាណជា៤៥% បានប្រគល់មកឲ្យគណៈកម្មការអង្គការមហាជនទទួលខុសត្រូវជំនួស ទៅលើសកម្មភាពផ្សព្វផ្សាយច្បាប់ជលផល យេនឌ័រ ការប្រែប្រួលអាកាសធាតុនិងការបន្សាំខ្លួន ដាំព្រៃលិចទឹក គៀងគរការចូលរួមរបស់ក្រុមយុវជនជាដើម។ នេះសរបញ្ជាក់ឲ្យឃើញថា សមត្ថភាពរបស់ស្រ្តីត្រូវបានគេទទួលស្គាល់ ទោះជាកិច្ចការទាំងនោះតិចតួច ប៉ុន្តែអាចចូលរួមអភិវឌ្ឍន៌ក្នុងសហគមន៌មូលដ្ឋាន។ មិនត្រឹមតែការចូលរួមរបស់ស្រ្តីនោះទេ យុវជនក៏មានភាពផុសផុលក្នុងការចូលរួមក្នុងការផ្សព្វផ្សាយច្បាប់ជលផល ដាំកូនឈើ វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សិទ្ឋ ការតស៊ូមតិ ការចូលរួមប្រជុំជាមួយថ្នាក់ឃុំ   ហើយគៀងគរ និងផ្សព្វផ្សាយដល់យុវជនផ្សេងៗទៀតអោយមានការចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សហគមន៍ផងដែរ។

សកម្មភាពការចូលរួមរបស់ក្រុមយុវជន លើការដាំព្រៃលិចទឹកនៅក្នុងតំបន់អភិរក្ស ការផ្សព្វផ្សាយច្បាប់ជលផល និង ការងារអភិវឌ្ឍន៍សហគមន៍

ក្នុងឃុំកំពង់ត្រឡាច

   

អង្គការមហាជន បានបង្កើនសមត្ថភាពដល់គណៈកម្មការ និងយុវជន ជាបន្តបន្ទាប់ ជាក់ស្តែងបានបញ្ចូនយុវជនស្មគ្រ័ចិត្តម្នាក់ទៅសិក្សានៅទីក្រុងភ្នំពេញពីជំនាញបច្ចេកទេសជាស្តង់ដា លើការគ្រប់គ្រងថវិកា និងជំនាញ បង្កើតប្រែក្លាយក្រុមសន្សំទៅជាធនាគាភូមិ ដែលបណ្តុះបណ្តាលដោយ វិទ្យាស្ថានអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ត្ថុ(CMI) គាំទ្រថវិការដោយ iCCO ហើយក្នុងពេលនេះកំពុងតែចាប់ផ្តើមដំណើរការ ដោយបានរៀបចំរចនាសម្ពន្ឋ័ បែងចែកតួនាទីទំនួលខុសត្រូវ និងប្រពន្ឋ័គ្រប់គ្រងដោយកំព្យូទ័រ ដើម្បីអង្គការមហាជនមូលដ្ឋានងាយស្រួលដំណើរការ និងការគ្រប់គ្រងផងដែរ។ ក្នុងឆ្នាំ២០១៥ នេះ ផងដែរ សម្ព័ន្ធអង្គការមហាជន បានស្តារបឹងអភិរក្សត្រីមេពូជ បាន២កន្លែង ទំហំ ១៥៥ម៉x៦០ម៉x៣ម៉ (០.៩៣ ហិកតា) រៀបចំថ្នាលបណ្តុះកូនឈើសំរាប់អប់រំដល់ប្រជាពលរដ្ឋ និងទុកសម្រាប់ដាំ បានចំនួនមួយកន្លែង  ព្រមទាំងបណ្តុះកូនឈើបាន ២០០០ ដើម  ដាំព្រៃលិចទឹកនៅជុំវិញតំបន់អភិរក្ស និងកន្លែងសឹករិចរឹល បានចំនួន ៣០០០ ដើម លើផ្ទៃដី ៤ ហិកតា។ បន្ថែមពីនោះសម្ព័ន្ធអង្គការមហាជនក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់គណៈកម្មការប្រចាំខែចំនួន ៥ នាក់ ក្នុងមួយខែ ៦០,០០០ រៀល (អាស្រ័យលើប្រាក់ចំណូលរបស់អង្គការមហាជន) ទៀតផង។

សរុបរួមមក ការរួមគ្នាធ្វើការជាសម្ព័ន្ធគឺជាកម្លាំងចលករមួយដ៏រឹងមាំ ក្នុងកិច្ចការអភិវឌ្ឍន៍ និងអភិរក្សធនធានជលផល និងធនធានធម្មជាតិ នៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន។ លើពីនេះទៀត សមត្ថភាព ចំណេះដឹង ឬការយល់ដឹង គួបផ្សំជាមួយនឹងធនធានរបស់សហគមន៍ ការចូលរួមយ៉ាងសកម្មពីសមាជិក និងសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាននិងជំនាញពាក់ព័ន្ធ ធ្វើឲ្យសហគមន៍មានការអភិវឌ្ឍ និងនិរន្តរភាព។