អត្ថបទដោយ៖ លោក ម៉ន រ៉ាវី, មន្រ្តីសម្របសម្រួលសហគមន៍
ពិនិត្យ និងកែសម្រួលដោយ៖ លោក ឡោម ស៊ីណាត, មន្រ្តីគម្រោង
ផ្ទៃដីព្រៃលិចទឹកចំនួន ១,២៦២ ហិតា ក្នុងចំណោមផ្ទៃដីប្រមាណ ៣,២៩៦ ហិតា ក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋ និងអ្នកមានលុយ មានអំណាចប្រមាណ ៣០៦គ្រួសារ មកពី ៥ ភូមិ ក្នុងឃុំចំណារក្រោម និងមកពីខេត្តសៀមរាប បានកាប់រានយកដីធ្វើកម្មសិទ្ធិ សម្រាបធ្វើស្រែប្រាំង ដោយមាន ការបើកដៃពីសំណាក់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត ជំនាញពាក់ព័ន្ធមួយចំនួន ចាប់ពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៥នេះ។
តាមសេចក្តីរាយការណ៍របស់អាជ្ញាធរឃុំ និងគណៈកម្មការសហគមន៍នេសាទ បានរៀបរាប់ថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋនៅឃុំចំណាក្រោមរស់នៅជាប់នឹងបឹងទន្លេសាបចំនួន ៥ ភូមិ មានភូមិស្រីរងឹត សំពណ៌ ស្វាយអៀរ ចំណាក់ ជីអាប់ និងស្ពានគ្រង និងគ្រួសារអ្នកមានមួយគ្រួសារមកពីខេត្តសៀមរាប បាននាំគ្នាកាប់រាននិងដុតបំផ្លាញព្រៃលិចទឹក នៅក្នុងតំបន់២និងតំបន់៣ យ៉ាងអានាធិបតេយ្យ ដើម្បីយកដីធ្វើកសិកម្ម ធ្វើស្រែប្រាំង ដែលបណ្តាលអោយមានការបាត់បង់នូវជីវៈចម្រុះ ជម្រកត្រី និងសត្វ ខូចបរិស្ថាន ជាពិកត្តាធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ ជាពិសេសស្រ្តីមេម៉ាយ ដែលពឹងផ្អែកតែលើមុខរបរនេសាទមួយមុខ និងគ្មានលទ្ធភាពទៅនេសាទនៅទីឆ្ងាយបាន។
ដោយមើលឃើញពីបញ្ហាទាំងអស់នេះហើយ ទើបបណ្តាញប្រជានេសាទថ្នាក់ខេត្ត និងសហគមន៍នេសាទ ព្រមទាំងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានសហការ និងសម្របសម្រួល ចុះសិក្សាស្រាវជ្រាវប្រមូលព័ត៌មានពីទំហំនៃការបាត់បង់ព្រៃលិចទឹក និងអ្នកពាក់ព័ន្ធនានា នៅក្នុងឃុំចំណារក្រោមនេះ ដើម្បីស្វែងរកការអន្តរាគមន៍ និងចាត់វិធានការដោះស្រាយពីអ្នកមានកាតព្វកិច្ច។ការចុះសិក្សាប្រមូលព័ត៌មាន កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារបានចុះទៅសិក្សានៅពីរចំណុចផ្សេងគ្នា គឺនៅតំបន់២ និងតំបន់៣។ |
ជាលទ្ធផល នៅចំណុចទី១ ដែលមានព្រំប្រទល់ខាងកើតជាប់នឹងស្រុកកំពង់ស្វាយ ខាងលិចជាប់នឹងទន្លេសាប ខាងជើងជាប់នឹងក្បាលអាងតំបន់១ និងខាងត្បូងជាប់ឃុំផាត់សណ្តាយ បានជួបប្រទះនឹងការកាប់រានព្រៃលិចទឹកយកដីធ្វើស្រែប្រាំង និង ការជីកអាងក្រវ៉ាត់សម្រាប់ស្តុបទឹកធ្វើស្រែប្រាំង ចំនួន ៥ កន្លែង ដែលមានផ្ទៃដីព្រៃលិចទឹកសរុបប្រមាណជា ៨៥៨ ហិតា ត្រូវបានកាប់បំផ្លាញតាំងពីឆ្នាំ២០០៧ ក្នុងនោះមាននៅចំណុចអាងភូមិសំពណ៌មានទំហំដី ៧០ ហិតា, ចំណុចអាងស្វាយអៀរមានទំហំដី ១៦០ ហិតា, ចំណុចអាងបីភូមិមានទំហំដី ៥០០ ហិតា, ចំណុចអាង តា សារឿន មានទំហំដី ៦៤ ហិតា និងចំណុចអាងតាហាវ មានទំហំដី ៦៤ ហិចតា ។
តាមសេចក្តីរាយការណ៍របស់ក្រុមប្រឹក្សាឃុំចំណារក្រោមម្នាក់ បានរៀបរាប់ថា «ការកាប់រានព្រៃលិចទឹកខាងលើនេះ ត្រូវបានអាជ្ញាធរឃុំ ស្រុក ខេត្ត និងខណ្ឌរដ្ឋបាលជលផល បានដោះស្រាយរួចម្តងហើយ ដោយបានសម្រេចយកដីនេះជាកម្មសិទ្ធិរបស់រដ្ឋវិញ តែគ្រាន់តែទុកសម្រាប់ប្រជាពលរដ្ឋអាស្រ័យផលតែប៉ុណ្ណោះ (ធ្វើស្រែប្រាំង) ហើយមិនអនុញ្ញាតិឲ្យធ្វើជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ឡើយ»។ ដោយឡែកនៅចំណុចទី២ ក្រុមការងារបានទៅសិក្សាប្រមូលព័ត៌មាន និងថតយករូបភាព នៅភូមិសាស្រ្តឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅក្នុងភូមិសាស្រ្តតំបន់៣ ដែលជាតំបន់ហាមឃាត់ មានព្រំប្រទល់ខាងកើតទល់នឹងតំបន់២ ខាងលិចទល់នឹងទន្លេសាប ខាងជើងទល់នឹងឃុំសំព្រោច និងខាងត្បូងមានព្រំប្រទល់ជាប់ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ បានជួបប្រទះនឹងការកាប់រានព្រៃលិចទឹក និងជីកអាងក្រវ៉ាត់សម្រាប់ស្តុបទឹកធ្វើស្រែប្រាំងចំនួន ៦ កន្លែង មានផ្ទៃដីព្រៃលិចទឹកសរុប ប្រមាណជាង ៤០៤ ហិតា ក្នុងនោះនៅចំណុចអាង ថាវ ទុំ មានទំហំដី ៧០ ហិតា, ចំណុចអាង ធាង ធា មានទំហំដី ៧០ ហិតា, ចំណុចអាង តា សារឿន មានទំហំដី ៥០ ហិតា, ចំណុចអាង តា ហាវ មានទំហំដី ១០០ ហិតា, ចំណុចអាង ឆាន រ៉េន មានទំហំដី ៥០ ហិតា និងចំណុចអាង ម៉េង ផល្លី មានទំហំដី ៦៤ ហិតា ត្រូវបានប្រជាពលរដ្ឋកាប់បំផ្លាញនៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥នេះ ដោយប្រជាពលរដ្ឋនិងអ្នកមានលុយចំនួន៦ គ្រួសារ ស្ថិតក្នុងឃុំចំណាក្រោមចំនួន ៥ គ្រួសារ និងអ្នកមានលុយ១គ្រួសារទៀត មកពីខេត្តសៀមរាប (ឈ្មោះ តា សារឿន)។
តាមសេចក្តីរាយការណ៍របស់គណៈកម្មការសហគមន៍នេសាទ និងក្រុមប្រឹក្សាឃុំ បានលើកឡើងថា «ការកាប់រានដីព្រៃលិចទឹកក្នុងតំបន់៣នេះ គឺកើតមានឡើងតាំងពីឆ្នាំ២០១២ មកម្ល៉េះ ហើយនៅតែកាប់ជាបន្តបន្ទាប់ទៀត ដោយឡែកក្នុងឆ្នាំ២០១៤-២០១៥ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ និងការចុះផ្សាយពីសារព័ត៌មានផងដែរនោះ តុលាការក្រុងភ្នំពេញបានចេញដីការចាប់ខ្លួនជនល្មើសកាប់ព្រៃលិចទឹកចំនួន៣នាក់ ដាក់ពន្ធនាគារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ។ តែក្រោយមកក៏នៅតែឃើញមានការលួចកាប់រានព្រៃលិចទឹកជាបន្តបន្ទាប់ទៀត ជាពិសេសនៅឆ្នាំ២០១៥នេះ»។ លោកបានបន្តទៀតថា «ការបន្តលួចកាប់រានព្រៃលិចទឹក សម្រាប់យកដីធ្វើស្រែប្រាំង ដូចជាការគ្រៀវដើមឈើឲ្យងាប់ រួចដុតបំផ្លាញ គឺមិនទាន់ឃើញមានអាជ្ញាធរឃុំស្រុក សមត្ថកិច្ច និងជំនាញជលផល ចាត់វិធានការទប់ស្កាត់នៅឡើយទេ ហើយមានប្រជាពលរដ្ឋមួយចំនួនមានចម្ងល់ថា តើនេះដោយសារតែមានបើកដៃឲ្យកាប់ ឬការនៅពីក្រោយខ្នងរបស់អាជ្ញាធរ ជំនាញ និងអ្នកមានអំណាចមួយចំនួនឬយ៉ាងណា? ហើយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការបាត់បង់ធនធាននេះ បើគ្មានចំណាត់ការទប់ស្កាត់ដោះស្រាយទេនោះ»។
យោងតាមការសែតជ័យជំនៈថ្ងៃ៧មករា ដែលចេញផ្សាយថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៥ ឆ្នាំទី១៣ លេខ៥០១៤ រឿងរ៉ាវដែលបានជំរាបជូននៅផ្នែកខាងលើ ត្រូវបានតុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពី១-៥ឆ្នាំក្នុងម្នាក់ៗ ចោទប្រកាន់ពីបទសូកប៉ាន់ តាមមាត្រា២៧៩នៃក្រមព្រហ្មទណ្ឌ និងបទស៊ីសំណូកតាមមាត្រា៥៨២ មាត្រា៥៨៤ និងមាត្រា១០៨នៃក្រមព្រហ្មទណ្ឌ។ ក្នុងចំណោមប្រជាជន៣០០គ្រួសារ ក្នុងនោះមានជនជាប់ចោទចំនួន១៤នាក់ គឺមានតំណាងប្រជាពលរដ្ឋក្នុងស្រុកស្ទោងចំនួន៣នាក់ប៉ុណ្ណោះ ត្រូវបានចាប់ខ្លួនរហូតដល់បច្ចុប្បន្ននេះ ហើយត្រូវបាននាំខ្លួនមកកាន់តុលាការក្រុងភ្នំពេញ ធ្វើការប្រកាសសាលក្រមផ្តន្ទាទោសបន្ថែម។ ចំពោះជនជាប់ចោទទាំង៣នាក់ ដែលតុលាការក្រុងភ្នំពេញបានចោទប្រកាន់ពីបទសូកប៉ាន់ មានឈ្មោះ ថាវ ទុំ (ប្រជាពលរដ្ឋនៅក្នុងឃុំស្ពានគ្រង), ឈ្មោះជាតិ ស៊ីវុត្ថា អតីតប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ និងជាអតីតទីប្រឹក្សាឯកឧត្តមងួន ញិល (បច្ចុប្បន្ននៅក្រៅឃុំ) និងឈ្មោះ ម៉េង ផល្លី (ប្រជាពលរដ្ឋនៅក្នុងឃុំ) ហើយជនជាប់ចោទទាំង៣នាក់នេះ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោស៥ឆ្នាំ តែអនុវត្តន៍ទណ្ឌកម្មក្នុងពន្ធនាគារតែ២ឆ្នាំប៉ុណ្ណោះ គិតចាប់តាំងពីថ្ងៃឃុំខ្លួនក្រោមការចោទប្រកាន់ពីបទសូកប៉ាន់។ ចំណែកជនជាប់ចោទចំនួន១១ នាក់ទៀត សុទ្ធសឹងតែអាជ្ញាធរឃុំ ស្រុក រួមមានមេភូមិ មេឃុំ មេបញ្ជាការប៉េអ៊ឹមស្រុក នាយសង្កាត់រដ្ឋបាលជលផលស្រុកស្ទោង អធិការនគាបាលស្រុកស្ទោង នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ព្រមទាំងអាជ្ញាធរខេត្តកំពង់ធំ ក៏ត្រូវបានតុលាការក្រុងភ្នំពេញសម្រេផ្តន្ទាទោសផងដែរ ក្រោមការចោទប្រកាន់ពីបទវិតិក្រុម និងបទស៊ីសំណូក តាមមាត្រា៥៩២ មាត្រា២៩៤ និងមាត្រា១០៨នៃក្រមព្រហ្មទណ្ឌ។ ក្រុមអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងខេត្តកំពង់ធំដែលត្រូវបានតុលាការក្រុងភ្នំពេញធ្វើការផ្តន្ទាទោសមានឈ្មោះដូចជា លោកព្រឹម រដ្ឋា (បច្ចុប្បអភិបាលស្រុកស្ទោង), លោក គន ចាន់សីហា (បច្ចុប្បជានាយសង្កាត់ជលផលស្រុកស្ទោង), លោក ប៉ែន វណ្ណរិទ្ធ (បច្ចុប្បជានាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ), លោក ហម ហុន (មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងដៃស្តាំដ៏ជំនិតរបស់ឯកឧត្តម វ៉ាន់ ផាន់នី ជានាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប), លោក យ៉ង សំ (បច្ចុប្បន្នជាអធិការនគបាលស្រុកស្ទោង), លោក ឃុន ប៊ុនហូ (បច្ចុប្បន្នជាមេបញ្ជាការប៉េអ៊ឹមស្រុកស្ទោង), លោក ឃុំ ធី បច្ចុប្បន្នជាមេឃុំចំណាក្រោម), លោក វ៉ា ចាន់កុសល (នាយរងប៉ូលីសសេដ្ឋកិច្ចខេត្តកំពង់ធំ), លោក ធៀក ធាន លោក ញ៉ក រ៉ា និងលោក ព្រហ្ម ធី ជាប្រជាពលរដ្ឋ។ ជនជាប់ចោទទាំងនេះត្រូវបានតុលាការក្រុងភ្នំពេញធ្វើការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១ឆ្នាំ និងចេញដីកាបង្គាប់អោយសមត្ថកិច្ចស្វែងរកចាប់ខ្លួនដើម្បីអនុវត្តន៍តាមសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ។ សូមបញ្ជាក់ថា រឿងក្តីនេះត្រូវបានតុលាការក្រុងភ្នំពេញបើកសវនាការកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥កន្លងមកថ្មីៗនេះ ហើយទើបតែលើកយកមកប្រកាសសាលក្រមនៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះផងដែរ។ អង្គហេតុដែលបណ្តាលអោយតុលាការក្រុងភ្នំពេញធ្វើការចោទប្រកាន់តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តកំពង់ធំ ពីបទសូកប៉ាន់និងបទវិតិក្រមគឺផ្តើមចេញពីក្រុមប្រជាពលរដ្ឋ ឈ្មោះថាវ ទុំ, ឈ្មោះម៉េង ផល្លី បានប្រមូលប្រាក់ពីក្នុងសហគមន៍ដែនជំរកត្រីពងកូនក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ទៅសូកប៉ាន់អោយក្រុមមន្ត្រីអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តកំពង់ធំ ព្រមទាំងសង្កាត់រដ្ឋបាលជលផលស្រុកស្ទោង ដើម្បីពួកគេបានប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ និងធ្វើអាងស្តុបទឹក សំរាប់ទុកធ្វើស្រែប្រាំងជាដើម។ ទើបបណ្តាលអោយមានការបែកធ្លាយការកាប់បំផ្លិចបំផ្លាញជម្រកមច្ឆជាតិយ៉ាងរង្គាលដល់រដ្ឋាភិបាល ទើបចាត់វិធានការក្តៅជាបន្ទាន់។ នៅក្នុងប្រតិបត្តិការនោះតុលាការខេត្តកំពង់ធំមិនហ៊ានចាត់ការទេ ពីព្រោះប៉ះខ្សែអ្នកធំច្រើនណាស់ ក៏ផ្ទេរភារកិច្ចនេះជូនតុលាការក្រុងភ្នំពេញ ហើយតុលាការក្រុងភ្នំពេញ បានចេញដីការបង្គាប់អោយចាប់ខ្លួនតំណាងប្រជាពលរដ្ឋចំនួន៣នាក់មកឃុំខ្លួន។ ចំណែកឯអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តកំពង់ធំ ព្រមទាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធដ៏ទៃទៀត កំពង់រស់នៅបម្រើការងារយ៉ាងរំភើយ ដោយគ្មានខ្វល់ខ្វាយអ្វីបន្តិចឡើយ។ ហើយនៅពេលណាទើបរាជរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងតុលាការក្រុងភ្នំពេញបន្តនិតិវិធីរបស់ខ្លួនអោយបានគ្រប់ជ្រុងជ្រោយ? ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំកំពង់តែរងចាំមើលចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងតុលាការក្រុងភ្នំពេញថានឹងមានប្រសិទ្ធិភាពដែរឬទេ? ។
ជាសរុបរួមក្រោយពីការចុះសិក្សាស្រាវជ្រាវប្រមូលព័ត៌មាន ក្រុមការងារបានជួបនឹងបញ្ហាការកាប់រានព្រៃលិចទឹក ការជីកអាងស្តុបទឹកសម្រាប់ធ្វើស្រែប្រាំងខុសច្បាប់ និងភ្លើងឆេះព្រៃលិចទឹកសរុបទាំងអស់ប្រមាណ ១,២៦២ ហិចតា ក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ និងការប្រព្រឹត្តិបទល្មើសនេសាទច្រើនកន្លែងទៀត។ ទាំងនេះគឺជាបញ្ហាមួយដែលកំពុង និងបង្ករឲ្យមានផលប៉ះពាល់ទៅលើការបាត់បង់ជីវៈចម្រុះ ជម្រកត្រី និងសត្វ ពូជត្រី និងទិន្នផលនេសាទថយចុះ ដែលធ្វើឲ្យជីវភាពរបស់ប្រជានេសាទថយចុះ បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ មានការចំណាកស្រុក អំពើហឹង្សាក្នុងគ្រួសារ និងជម្លោះរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬប្រជាពលរដ្ឋ ជាមួយនឹងអ្នកមានអំណាច។បញ្ហាទាំអស់នេះ បើពុំមានការអន្តរាគមន៍ដោះស្រាយនោះទេ វានឹងបន្តធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងជីវភាព របស់ប្រជានេសាទពីមួយថ្ងៃទៅមួយថ្ងៃ។
ហេតុនេះហើយទើបតម្រូវឲ្យជំនាញ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ មានយន្តការ ឬដំណោះស្រាយជាក់លាក់ណាមួយឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ បើពុំដូច្នោះទេវាមិនឆ្លើយតបទៅនឹងយុទ្ធសាស្រ្តកែរទម្រង់ស៊ីជម្រៅលើវិស័យជលផលរបស់រាជរដ្ឋាភិបាល និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជានេសាទបានឡើយ។
Leave a Reply