នៅឆ្នាំ ២០០០ មានជម្លោះនេសាទធ្ងន់ធ្ងរ កើតឡើងជាច្រើនករណីរវាងអ្នកនេសាទទ្រង់ទ្រាយតូច និងម្ចាស់ឡូតិ៍នេសាទ ជុំវិញបឹងទន្លេសាប។ អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការខាងផ្នែកអភិវឌ្ឍសហគមន៍និងធនធានធម្មជាតិជុំវិញបឹងទន្លេសាប បានប្រឹងប្រែង ដើម្បីកាត់បន្ថយនូវជម្លោះទាំងនោះ។ អង្គការ មិនមែនរដ្ឋាភិបាល ដែលធ្វើការនៅតាមខេត្តជុំវិញបឹងទន្លេសាប បានពាំនាំបញ្ហាទាំងនេះយកទៅពិភាក្សាក្នុង “ក្រុមការងារបរិស្ថាន” របស់អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) ហើយនៅឆ្នាំ ២០០០ បានឯកភាពគ្នាបង្កើតឡើងនូវបណ្តាញមួយឲ្យឈ្មោះថា សម្ព័ន្ធភាពដើម្បីការអភិរក្សធនធានជលផល (FACT) ដែលជា ”ក្រុមការងារតូច” មួយរបស់ក្រុមការងារបរិស្ថាន រួមមាន ប្រាំបីអង្គការមិនមែនរដ្ឋាភិបាល ជាសមាជិក។ ដោយសារតម្រូវការក្នុងការដោះស្រាយនូវបញ្ហាធនធានជលផលដ៏ទូលំទូលាយ និងជម្លោះនេសាទ ទាំងនៅដែនសមុទ្រ និងតំបន់ឆ្ងាយពីដែនសមុទ្រ បណ្តាញ FACT ត្រូវបានបំបែកខ្លួនចេញពី អង្គការមិនមែនស្តីរដ្ឋាភិបាលពីកម្ពុជា (NGOF) ហើយបានក្លាយខ្លួនជា ”អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក” ឯករាជ្យមួយ ដែលធ្វើការលើធនធនជលផល។
អង្គការ FACT បានកសាងដៃគូជាសម្ព័ន្ធជាមួយអង្គការ មិនមែនរដ្ឋាភិបាលដែលធ្វើការលើបញ្ហាជលផល ជុំវិញបឹងទន្លេសាប និងតាមបណ្តោយឆ្នេរកម្ពុជា។ ជាងនេះទៅទៀត អង្គការ FACT បានគាំទ្រដល់ការបង្កើតឡើងនូវបណ្តាញសម្ព័ន្ធប្រជានេសាទកម្ពុជា (CCF) ប្រចាំតាមខេត្តជុំវិញបឹងទន្លេសាប និងបណ្តាញប្រជា នេសាទឆ្នេរសមុទ្រនៅតាមបណ្តាខេត្តជួរសមុទ្រ នៅក្នុងប្រទេសកម្ពុជាបែកខាងត្បូង ។ នៅឆ្នាំ២០០៨ អង្គការ FACT បានពង្រីកតំបន់គោលដៅ របស់ខ្លួនទៅសហគមន៍ជុំវិញទន្លេមេគង្គ និងបាន បង្កើតឡើងនូវបណ្តាញប្រជានេសាទមេគង្គ (MFN)។ ឥឡូវនេះ បណ្តាញ CCF បានក្លាយខ្លួនជាបណ្តាញថ្នាក់ជាតិមួយ និងបណ្តាញនេសាទទន្លេសាប បានគ្របដណ្តប់លើតំបន់បឹងទន្លេសាប។ អង្គការ FACT មានតួនាទីនាំមុខគេក្នុងការគាំទ្រដល់បណ្តាញទាំងនេះ (រួមមានការអភិវឌ្ឍសមត្ថភាព) ក្នុងការផ្តួចផ្តើមគំនិតតស៊ូមតិដើម្បីសិទ្ធិ និងជីវភាពរស់នៅរបស់ប្រជានេសាទក្រីក្រ។ អង្គការ FACT បានចាប់ផ្តើមសកម្មភាពគម្រោងរបស់ខ្លួន ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងកំពុងតែជួយដល់ប្រជា នេសាទក្នុងការបន្សុំាំទៅនឹងលក្ខខណ្ឌអនាគត រួមមានការអភិវឌ្ឍយុទ្ធសាស្រ្តសម្រាប់ជីវភាពរស់នៅប្រកប ដោយជម្រើស និងការផ្លាស់ប្តូរ ។ អង្គការ FACT ទទួលស្គាល់នូវសារសំខាន់នៃតួនាទី និងការចូលរួមចំណែរបស់ស្ត្រី និងបានលើកកម្ពស់យេនឌ័រ និងស្រ្តី នៅគ្រប់សកម្មភាពគម្រោងរបស់ខ្លួនទាំងអស់ ដើម្បីការពារ និងអភិរក្សនូវធនធានជលផល។
អង្គការ FACT បានទទួលជោគជ័យក្នុងការសម្របសម្រួលកិច្ចពិភាក្សារវាងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាជលផល ។ ជាងនេះទៀត អង្គការ បានរៀបចំការសិក្សាស្រាវជ្រាវស្តីពីហេតុ ប៉ះពាល់នានាពីគំរោងអភិវឌ្ឍន៍ទៅលើធនធានជលផល និងជីវភាពរស់នៅរបស់ប្រជានេសាទ និងបានបោះពុម្ព និងផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវដល់ប្រិយមិត្តអ្នកអានយ៉ាងទូលំទូលាយ។ FACT ក៏បានផលិតនូវប្រឹត្តិប័ត្ររបស់ខ្លួន ជាប្រចាំផងដែរ និងបានចែកជូនដល់អ្នកពាក់ព័ន្ធនានា ។ ជាលទ្ធផល សម្លេងរបស់ប្រជានេសាទ ត្រូវបានដឹងឮយ៉ាងទូលំទូលាយដោយរដ្ឋាភិបាល សហគមន៍អង្គការមិនមែនរដ្ឋាភិបាល អ្នកស្រាវជ្រាវ និងបណ្តាញ ប្រជានេសាទនៅក្នុងប្រទេសកម្ពុជា ។ នៅឆ្នាំ ២០១១ មានការស្តែងចេញយ៉ាងច្បាស់ថា រដ្ឋាភិបាល បានឆ្លើយតប ជាវិជ្ជមានចំពោះបញ្ហាជលផលមួយចំនួន ដែលអង្គការ FACT និងបណ្តាញរបស់ខ្លួន បានតស៊ូមតិអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ។
ឧទាហរណ៍ដូចជាការលុបចោលនូវឡូតិ៍នេសាទចំនួន ៣៧ឡូតិ៍ នៅបឹងទន្លេសាប និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបញ្ឈប់នូវការនេសាទខុសច្បាប់ និងបានការពារនូវតំបន់ព្រៃលិចទឹក។
Leave a Reply