អត្ថបទដោយ៖ លោក ម៉ន រ៉ាវី, មន្រ្តីសម្របសម្រួលសហគមន៍ ពិនិត្យ និងកែសម្រួលដោយ៖ លោក ឡោម ស៊ីណាត, មន្រ្តីគម្រោង ផ្ទៃដីព្រៃលិចទឹកចំនួន ១,២៦២ ហិតា ក្នុងចំណោមផ្ទៃដីប្រមាណ ៣,២៩៦ ហិតា ក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋ និងអ្នកមានលុយ មានអំណាចប្រមាណ ៣០៦គ្រួសារ មកពី ៥ ភូមិ ក្នុងឃុំចំណារក្រោម និងមកពីខេត្តសៀមរាប បានកាប់រានយកដីធ្វើកម្មសិទ្ធិ សម្រាបធ្វើស្រែប្រាំង ដោយមាន ការបើកដៃពីសំណាក់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត ជំនាញពាក់ព័ន្ធមួយចំនួន ចាប់ពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៥នេះ។ តាមសេចក្តីរាយការណ៍របស់អាជ្ញាធរឃុំ និងគណៈកម្មការសហគមន៍នេសាទ បានរៀបរាប់ថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋនៅឃុំចំណាក្រោមរស់នៅជាប់នឹងបឹងទន្លេសាបចំនួន ៥ ភូមិ មានភូមិស្រីរងឹត សំពណ៌ ស្វាយអៀរ ចំណាក់ ជីអាប់ និងស្ពានគ្រង និងគ្រួសារអ្នកមានមួយគ្រួសារមកពីខេត្តសៀមរាប បាននាំគ្នាកាប់រាននិងដុតបំផ្លាញព្រៃលិចទឹក នៅក្នុងតំបន់២និងតំបន់៣ យ៉ាងអានាធិបតេយ្យ ដើម្បីយកដីធ្វើកសិកម្ម ធ្វើស្រែប្រាំង ដែលបណ្តាលអោយមានការបាត់បង់នូវជីវៈចម្រុះ ជម្រកត្រី និងសត្វ ខូចបរិស្ថាន ជាពិកត្តាធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ ជាពិសេសស្រ្តីមេម៉ាយ ដែលពឹងផ្អែកតែលើមុខរបរនេសាទមួយមុខ និងគ្មានលទ្ធភាពទៅនេសាទនៅទីឆ្ងាយបាន។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះហើយ ទើបបណ្តាញប្រជានេសាទថ្នាក់ខេត្ត និងសហគមន៍នេសាទ ព្រមទាំងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានសហការ និងសម្របសម្រួល ចុះសិក្សាស្រាវជ្រាវប្រមូលព័ត៌មានពីទំហំនៃការបាត់បង់ព្រៃលិចទឹក និងអ្នកពាក់ព័ន្ធនានា នៅក្នុងឃុំចំណារក្រោមនេះ ដើម្បីស្វែងរកការអន្តរាគមន៍ និងចាត់វិធានការដោះស្រាយពីអ្នកមានកាតព្វកិច្ច។ការចុះសិក្សាប្រមូលព័ត៌មាន កាលពីថ្ងៃទី ០៤ […]





